អង្គបុរេ​ជំនុំ​ជម្រះ បដិសេធ មិន​ដោះលែង​លោក ខៀវ សំផន

ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/07/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/07/2009 12:44 ម៉ោងសកល
លោក​ចៅក្រម ប្រាក់ គឹមសាន ប្រធានអង្គបុរេជំនុំជម្រះ បាន​ប្រកាស​សាលដីកា​នៅ​រសៀល​ថ្ងៃសុក្រ ទី៣កក្កដានេះ ដោយសម្រេច​បន្ត​ឃុំ​ខ្លួន​លោក ខៀវ សំផន អតីត​​ប្រមុខរដ្ឋ​ខ្មែរ​ក្រហម។ សេចក្តី​ប្រកាស​នេះ បាន​ធ្វើ​ឡើង​នៅ​​ចំពោះ​មុខ​​លោក ខៀវ សំផន និង​​សហមេធាវី​ការពារ​ក្តី លោក​​មេធាវី ស សូវ៉ាន។ ប៉ុន្តែ​មិនមាន​វត្តមាន​របស់ លោក​​មេធាវី​​បារាំង ហ្សាក់ វែរហ្សែស ឡើយ។

លោក ខៀវ សំផន ក្នុង​អង្គ​សវនាការ ថ្ងៃ​ទី ៣ កក្កដា ២០០៩(រូបថត ៖ ម៉េងហួរ)
“គឺ​ជា​សេចក្តី​បដិសេធ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក ខៀវ សំផន ប្រឆាំង​នឹង​ដីកា​សម្រេច​បន្ត​ថេរវេលា​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន និង​គឺ​ជា​ការ​បដិសេធ​លើ​បណ្តឹង​ឧទ្ធរណ៍​សុំ​ដោះ​លែង​លោក ខៀវ សំផន ឲ្យ​មាន​សេរីភាព”។ លោក​ចៅ​ក្រម ប្រាក់ គឹមសាន បាន​ប្រកាស​សេចក្តី​សម្រេច​រួម​លើ​បណ្តឹង​ឧទ្ធរណ៍​ទាំងពីរ​យ៉ាង​ដូច្នេះ ព្រម​ទាំង​ប្រកាស​បិទ​ផ្លូវ​តវ៉ា។
ផ្អែកតាមសេចក្តី​សម្រេច​នេះ លោក ខៀវ សំផន ត្រូវ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម រហូត​ដល់​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។
មាន​អាយុ ៧៨ ឆ្នាំ លោក ខៀវ សំផន ដែល​បាន​កាន់​តួនាទី​ជា​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរ​ក្រហម ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៧។ តុលាការ​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម បាន​ចោទ​ប្រកាន់​​លោក ខៀវ សំផន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម នៅ​ក្នុង​សំណុំ​រឿង​០០២​ដែល​កំពុង​ស៊ើប​អង្កេត។
លោក​ចៅក្រម ប្រាក់ គឹមសាន បាន​គូស​បញ្ជាក់​ពី​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក ខៀវ សំផន ថា ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន នៅ​តែ​ជា​វិធានការ​ចាំ​បាច់ ក្នុង​ការ​ការពារ​កុំ​ឲ្យ​លោក ខៀវ សំផន រត់​គេច​ខ្លួន ក៏​ការពារ​កុំ​ឲ្យ​មាន​ការ​បំផ្លាញ​ភស្ថុតាង ការពារ​សន្តិសុខ​ដល់​សាក្សី និង​ជាពិសេស​ដើម្បី​ការពារ​សុវត្ថិភាព​របស់​លោក ខៀវ សំផន។
ព្រឹត្តិការណ៍ ដែល​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម លោក ខៀវ សំផន ស្ទើរ​ត្រូវ​បាន​វាយ​សម្លាប់​ដោយ​ហ្វូង​មហាជន នៅ​ទីក្រុង​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩១ ក៏​ត្រូវ​បាន​ចៅក្រម លើក​សំអាង ដើម្បី​គាំទ្រ​ដល់​សេចក្តី​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក ខៀវ សំផន។
អំឡុង​ពេល​ដែល​លោក​ចៅក្រម ប្រាក់ គឹមសាន បាន​ប្រកាស​សេចក្តី​សម្រេច​យ៉ាង​ដូច្នេះ លោក ខៀវ សំផន បាន​អង្គុយ​ក្នុង​រង្វង់​ក្រចក​សេះ។ ពេល​ខ្លះ​លោក ខៀវ សំផន ដែល​មាន​ទឹក​មុខ​ស្រស់​ថ្លា បាន​យក​ដៃ​ស្តាំ ច្រត់​ចង្ការ និង​ផ្អែក​ខ្នង​ទៅ​នឹង​កៅអី ផ្ទៀង​ផ្ទាត់​ស្តាប់​លោក​ចៅក្រម ដោយ​យក​ចិត្ត​ទុក​ដាក់។ ក៏ប៉ុន្តែ លោក ខៀវ សំផន មិន​ត្រូវ​បាន​អនុញ្ញាត ឲ្យ​ថ្លែង​អ្វី​ឡើយ៕

0 comments:

Post a Comment

 
© 2009 - Daily and Past | Free Blogger Template designed by Choen

Home | Top